CNRP ​ត្រូវ​​ចំណាយ​ពេល​​ច្រើន​​ដើម្បី​​រម្ងាប់​​អារម្មណ៍​​សមាជិក

ភ្នំពេញ៖ ក្រោយពេល​ចាប់ខ្លួន​បេក្ខជន​តំណាងរាស្ត្រ​ភ្លាម គណបក្ស​សង្គ្រោះ​ជាតិ​ស្ថិតក្នុង​ស្ថានភាព​វឹកវ​រ។ តែ​ក្រោយពេល​ចរចា​រួចហើយ គណបក្ស​ដែល​ទើប​មាន​ប្រជាប្រិយភាពមួយ​នេះ​ក៏​រឹតតែ​ប្រឈម​នឹង​ស្ថាន​ ភាពលំបាក​បន្ថែមទៀត ឬ​អាច​ថា វឹកវរ​បន្ថែមទៀត។ ការលំបាក​ចុងក្រោយ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ គឺ​ការពន្យល់ និង​រម្ងាប់​អារម្មណ៍​អ្នកគាំទ្រ​របស់ខ្លួន​អោយ​ជឿថា លទ្ធផល​ចរចា​របស់ខ្លួន​ពិតជា​មានប្រៀប​លើ​គណបក្ស​ប្រជាជន​កម្ពុជាមែន។

ក្រោយ​ថ្ងៃ​ប្រកាស​លទ្ធផល​បោះឆ្នោត​ឆ្នាំ២០១៣កន្លងមក គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ធ្លាប់​ឈ្នះ​ភ្លូកទឹកភ្លូកដី បានបង្ហាញ​អារម្មណ៍​ស្រឡាំងកាំង​ដោយ​ឃើញ​លទ្ធផល​បោះឆ្នោត​ឆ្នាំ២០១៣ធ្លាក់​ មក​នៅត្រឹមតែ៦៨អាសនៈ ទល់នឹង៥៥អាសនៈ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ដឹកនាំ​ដោយ​មេបក្ស​មាន​ ប្រជាប្រិយភាព​ពីរ​នាក់ គឺ​លោក សម រង្ស៊ី និង​លោកកឹម សុខា។

គណបក្ស​ប្រជាជន​កម្ពុជា កាលណោះ ស្ថិតក្នុង​សភាព​វឹកវរ​ផ្នែក​អារម្មណ៍ និង​សម្រេចចិត្ត​ស្ថិតនៅ​ស្ងាត់ស្ងៀម​ប្រឈម​នឹង​ស្ថានការណ៍​វឹកវរ​ថ្មី។ ជារឿយៗ ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រកាស​ជា​ញឹកញាប់​បើក​ច្រក​ចរចា​ ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ។ តែ​គណបក្ស​ចុងក្រោយ​មួយ​នេះ មិនសូវ​ជា​ចាប់អារម្មណ៍​ប៉ុន្មាន​ឡើយ​ពី​ការចរចា ដោយ​ពួកគេ​រវល់​តែ​ធ្វើ​ចលនា​មហាជន​ទៅវិញ។

ប៉ុន្តែ មុន និង​ក្រោយ​កិច្ចព្រមព្រៀង​ថ្ងៃទី២២ខែកក្កដា​ឆ្នាំ២០១៤កន្លងមកនេះ គណបក្ស​ប្រជាជន​កម្ពុជា​ហាក់បីដូចជា​ធូរទ្រូង​បន្តិច​ហើយ។ គណបក្ស​ប្រជាជន​ធូរស្រាល​បន្តិច តែ​វា​ដល់​វេន​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ប្រឈម​នឹង​ស្ថានភាព​លំបាក​ ទៅវិញ។ ការលំបាក​របស់​គណ​បក្សប្រឆាំង​សង្គ្រោះ​ជាតិនៅពេលនេះ​មើលទៅ​ហាក់បីដូចជា​ ធ្ងន់ធ្ងរ​ជាង​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ក្រោយ​បោះឆ្នោត​បន្តិច​ទៅទៀត ពីព្រោះ ការលំបាក​របស់​សង្គ្រោះ​ជាតិ​ចុង​ក្រោយនេះ គឺ​ការពន្យល់ទៅកាន់​សមាជិក​របស់​ខ្លួន​អោយ​យល់ថា លទ្ធផល​នៃ​ការចរចា​របស់ខ្លួន​ពិតជា​មានប្រៀប​លើ​គណបក្ស​ប្រជាជន​មែន។ សម្រាប់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លទ្ធផលនៃ​ការចរចា​ថ្ងៃទី២២កក្កដា​កន្លងមក គឺ​ធ្វើអោយ​គណបក្ស​សង្គ្រោះ​ជាតិ​ចំណេញ​ច្រើន ពីព្រោះ គណបក្ស​សង្គ្រោះ​ជាតិ​អាច​កែទម្រង់ គ ជ ប បាន និង​អាច​កែទម្រង់​ស្ថាប័ន​មួយចំនួន​ផ្សេងទៀតផង។

ប៉ុន្តែ​សម្រាប់​សមាជិក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ពួកគេ​បាន​ចោទប្រកាន់​មេដឹកនាំគណបក្ស​សង្គ្រោះ​ជាតិ​ថា មិនបាន​គោរព​ពាក្យសន្យា ចរចា​ក្រោម​គំនាប ខ្លាច​គណបក្ស​ប្រជាជន​កម្ពុជា។ល។ អ្នកគាំទ្រ​ខ្លះ ថែមទាំង​និយាយថា៖«ពួកគេ​អស់ជំនឿ​លើ​គណបក្ស​សង្គ្រោះ​ជាតិ​ជាដើម»។ អារម្មណ៍​ច្របូកច្របល់ ខឹង មិន​សប្បាយចិត្ត ដែល​ចេញពី​អ្នកគាំទ្រ​បានធ្វើអោយ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ពិបាក​ ពន្យល់។ ហើយ​កិច្ចការ​នេះ គឺជា​ការប្រឈម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នាពេល​អនាគត៕