ហេតុអ្វី​បានជា​លោក ហ៊ុន សែន សួរ​មេបក្ស​សង្គ្រោះ​ជាតិ​អំពី​ចម្ការ​ដំណាំមុន​ចរចា​ ?

5

ក្រោយពី​ បាន​ចាប់ដៃ​ស្វាគមន៍​មេដឹកនាំ​និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ទាំង៨រូប​ហើយ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទៅ​អង្គុយ​លើ​តុ​ចរចា ទល់មុខ​មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ។ ខណៈដែល​អ្នកកាសែត​រា​ប់​សិប​អ្នក​កំពុង​ចុច​ម៉ាស៊ីន​ថត​ផ្តិត​យក​រូបភាព​ ផ្តើម​ការចរចា​ទំនាស់​នយោបាយ សំឡេង​ម៉ាស៊ីន​ថត​ដែល​លាន់ឮ​ដូច​គេ​បាញ់កាំភ្លើង​រះ មិនបាន​លុប​លើ​សំឡេង​លោក​ហ៊ុន សែន ដែល​សួរនាំ​លោក សម រង្ស៊ី និង​លោក កឹម សុខា អំពី​ចំការ​ល្ហុង ម្រេច ចេក របស់​អ្នកនយោបាយ​បក្សប្រឆាំង​នោះឡើយ។ តើ​សំណួរ​សាមញ​របស់​បុរស​ខ្លាំង ហ៊ុន សែន អាច​មានន័យ​អ្វីខ្លះ?

អាចមាន​ការបកស្រាយផ្សេងៗគ្នា​ទៅលើ​សំណួរ​ដ៏​សាមញ្ញ​របស់លោក​នាយក​ រដ្ឋមន្ត្រី ហ៊ុន សែន ដែល សួរសុខទុក្ខ​មេដឹកនាំ​គណបក្សប្រឆាំង​អំពី​ចំការ​បន្លែ​ផ្លែឈើ​របស់​ពួកគេ។ អ្នកខ្លះ​ថា នេះ​ជាការ​សួរសុខទុក្ខ​ធម្មតា ដែលជា​ការផ្តើម​ពាក្យ​និយាយ​គ្នា​មុន​ចូល​សាច់រឿង​នៃ​ការចរចា។ អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ  លោក គង់ ភោគ ដែលជា​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​មួយរូប​ដែរនោះ ក៏បាន​យល់ឃើញថា សំណួរ​របស់លោក​ហ៊ុន សែន អាចជា​សំណួរ​គួរសម​ធម្មតា​ដែរ។ ប៉ុន្តែ​សម្រាប់​លោក គង់ ភោគ សំណួរ​សាមញ្ញ​នេះ​ក៏​អាច​ត្រូវបាន​គេ​បកស្រាយ​ឆ្ងាយ​ពី​ភាព​ធម្មតា​ដែរ។

អ្នកវិភាគ​នយោបាយ​ដដែល​យល់ឃើញថា លើសពី​ការគិត​បែប​សាមញ្ញ មនុស្ស​មួយចំនួន​ក៏​អាច​ចាត់ទុក​សំណួរ​របស់លោក ហ៊ុន សែន ជា​សារ​មួយ ដែល​លោក​ចង់​ប្រាប់ថា សកម្មភាព​របស់​មេគ​ណ​បក្ស​ទាំងពីរ​មិនអាច​នៅ​ឆ្ងាយ​ពី​ក្រសែភ្នែក​របស់លោក ហ៊ុន សែន ឡើយ។ «វា​ក៏​ជា​សារ​មួយ​ប្រាប់​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ​ថា ដំណោះស្រាយ​នៃ ភាពជាប់គាំង​នយោបាយ​នេះ មិន​ត្រឹម​តែមាន​ឥទ្ធិពល​ជា​វិជ្ជមាន​ទៅលើ​សកម្មភាព​សេដ្ឋកិច្ចជាតិ​ ប៉ុណ្ណោះ​ទេ។ ប៉ុន្តែ​វា​ក៏​ជា​ការល្អ សម្រាប់​គណបក្ស ប្រឆាំង​ផងដែរ តួយ៉ាង​ដូចជា ជំនួញ​ផ្ទាល់ខ្លួន​របស់​មេគណបក្ស​សង្គ្រោះ​ជាតិ​ទាំងពីរ»។ នេះ​ជាការ​អត្ថាធិប្បាយ​របស់​លោក គង់ ភោគ។

ប្រសិនបើ​គេ​នៅតែ​ឆ្ងល់​អំពី​សំណួរ​ដ៏​សាមញ្ញ​របស់លោក​នាយក​រដ្ឋមន្ត្រី អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​គង់ ភោគ អាច​រំលឹក​​ឡើងវិញ​អំពី​អត្តចរិត ឬ​បុគ្គលិកលក្ខណៈ​របស់លោក​នាយករដ្ឋមន្ត្រី ដែល​ចូលចិត្ត​បង្ហាញ​អំពី​ភាពសាមញ្ញ​ជាទូទៅ​ទៅកាន់​សាធារណៈជន និង​ដៃគូ។

ខាងលើ​គ្រាន់តែ​ជាការ​វិភាគផ្សេងៗគ្នា​ប៉ុណ្ណោះ ប្រសិនបើ​គេ​ចាប់អារម្មណ៍​ទៅលើ​សំណួរ​របស់លោក​ហ៊ុន សែន។ ប៉ុន្តែ​ថា​តើ​វា​គ្រាន់តែ​សំណួរ​គួរសម​ធម្មតា ឬក៏​ជា​សំណួរ​ដែលមាន​បង្កប់​អត្ថន័យ​នយោបាយ​មែន​នោះ? គឺមាន​តែ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ធ្លាប់​ប្រកាសថា មាន​ពិសោធន៍​ក្នុង​សមរភូមិ​ចរចា​ប៉ុណ្ណោះ ដែល​អាច​ប្រាប់​ចំលើយ​បាន៕