លោក ហ៊ុន សែន ថា​តួនាទី​​លោកស្រី ​ពុង ឈី​វ​កេក ​នឹង​​​ពង្រឹង​​​​អព្យា​ក្រឹត​ភាព​ គ.ជ.ប

1

លោក ហ៊ុន សែន ក្នុងនាមជា​​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​សម្តែង​ការស្វាគមន៍​ចំពោះ​បេក្ខភាព​របស់លោក​ស្រី ពុង ឈី​វ​កេក ក្នុងតួនាទី​ជា​សមាជិក​ទី៩នៃ​គណៈកម្មាធិការ​រៀបចំ​កា​របោះឆ្នោត​ នាពេលខាងមុខ។ នេះ​បើ​យោងតាម​លិខិត​ឆ្លើយឆ្លង​គ្នា​មួយ​រវាង​លោក និង​ប្រធាន​អង្គការ​លីកាដូ នៅ​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤ ។

លោក ហ៊ុន សែន បាន​សរសេរ​ទៅកាន់​លោកស្រី ពុង ឈី​វ​កេក​ថា៖ «ផ្អែកលើ​បទពិសោធន៍​ការងារ និង​មនសិការ​ស្នេហា​ជាតិ​របស់​លោកស្រី គណបក្ស​ប្រជាជន​កម្ពុជា​សង្ឃឹម​យ៉ាង​មុតមាំ​ថា ការសម្រេចចិត្ត​ក្នុងការ​ទទួលយក​តួនាទី​ដ៏​មាន​សារសំខាន់​ខាងលើនេះ បានរួម​ចំណែក​ដល់​ភាពរ​លូន និង​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​កិច្ចព្រមព្រៀង​ស្តីពី​ដំណោះស្រាយ​នយោបាយ រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ »។

លោកនាយក​រដ្ឋមន្ត្រី បាន​លើកឡើងថា តួនាទី​ឯករាជ្យ​របស់លោក​ស្រី ពុង ឈី​វ​កេក ពិតជា​នឹង​រួមវិភាគទាន​ដល់​អព្យាក្រឹតភាព​នៃ​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​ ដើម្បី​សម្រេច​បេសក​កម្ម​របស់ខ្លួន​ស្របតាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជា​ធរមាន។

យោងតាម​ការផ្សាយ​រប​ស់​គេហទំព័រ Asia Times Online លោកស្រី ពុង ឈី​វ​កេក បាន​ជួប​លោក ហ៊ុន សែន ជា​លើកដំបូង​នៅក្នុង​ឆ្នាំ១៩៨៣ ក្នុងប្រទេស​អង់​ហ្គោ​ឡា ខណៈដែល​ស្វាមី​លោកស្រី​បម្រើ​ការងារ​ជា​ឯ​ក​​អគ្គរដ្ឋទូត​បារាំង​ប្រចាំ​នៅ​ ទីនោះ។ បើ​យោងតាម​សៀវភៅ «When the War was Over» របស់​អ្នកកាសែត​ឈ្មោះ Elizabeth Becker នា​ជំនួប​នោះ លោកស្រី ឈី​វ​កេក បាន​អ​ញ្ចើ​ញ​លោក ហ៊ុន សែន (កាលណោះ​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស) ទៅផ្ទះ​របស់លោក​ស្រី។

ប្រហែលជា​ចាប់ផ្តើម​ពី​ជំនួប​ជាមួយ​លោក ហ៊ុន សែន លើកដំបូង​នោះ​ហើយ ដែល​បណ្តុះ​គំនិត​ឲ្យ​លោកស្រី ឈី​វ​កេក រៀបចំ​ឲ្យ​មានការ​ចរចា​ដើម្បី​សន្តិភាព​នៅ​កម្ពុជា។ គំនិត​នេះ​ត្រូវបាន​គេ​លើកឡើងថា មាន​ការជួយជ្រោមជ្រែង​យ៉ាង​ពេញទំហឹង​ពី​ឪពុកម្តាយ​របស់លោក​ស្រី ដោយសារតែ​ពួកគាត់​សុទ្ធតែជា​មន្ត្រី​ដ៏​ជំនិត​របស់​អង្គ​សម្តេចឪ។

សូមបញ្ជាក់ថា​នៅ​ថ្ងៃ​ចន្ទ​ដដែល​នេះ លោកស្រី​ប្រធាន​អង្គការ​លីកាដូ ក៏បាន​ឆ្លើយឆ្លង​លិខិត​ជាមួយ​លោក សម រង្ស៊ី និង​លោក កឹម សុខា មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ។ ដូចជា​លោក ហ៊ុន សែន ផងដែរ មេដឹកនាំ​បក្សប្រឆាំង​សុទ្ធតែ​បង្ហាញ​នូវ​ការគាំទ្រ​ពេញទំហឹង​ចំពោះ​សមាសភាព ​របស់​សកម្ម​ជន​សិទ្ធមនុស្ស​វ័យ៧១ឆ្នាំ​រូបនេះ។

លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​វាយតម្លៃថា លោកស្រី ពុង ឈី​វ​កេក នឹង​ជំរុញ និង​ធានា​ឲ្យ គ.ជ.ប ជា​ស្ថាប័ន​ឯករាជ្យ ដែលមាន​ស្វ័យភាព​ក្នុងការ​ធ្វើការ​សម្រេចចិត្ត និង​សកម្មភាពផ្សេងៗ ដើម្បី​ធានា​ឲ្យ​ការបោះឆ្នោត​ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

មុននេះ​បន្តិច ពោលគឺ​មុន​ទទួលបាន​ការឆ្លើយតប​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោកស្រី ពុង ឈី​វ​កេក បានបញ្ជាក់​ប្រាប់​គេហទំព័រថ្មីៗថា លោកស្រី​បានដាក់​លក្ខខណ្ឌ​មួយចំនួន​ជា​ថ្នូរ​នឹង​ការយល់ព្រម​ចូល ធ្វើជា​បេក្ខភាព​ទី៩ក្នុង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ថ្មី​នេះ។

« លក្ខខណ្ឌ​របស់ខ្ញុំ គឺ​គ្មានអ្វី​ក្រៅតែពី​ការធានា​អោយ គជប នេះ ដំណើរការ​ដោយ​ឯករាជ្យ​ឡើយ»។ នេះ​ជាការ​អត្ថាធិប្បាយ​របស់ លោកស្រី វេជ្ជបណ្ឌិត ពុង ឈី​វ​កេក ដែល​មេដឹកនាំ​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​បានស្នើ​ដូចគ្នា អោយ​លោកស្រី​ធ្វើជា​បេក្ខភាព​ទី៩ នៃ​គជប ថ្មី។

ក្រោយពី​បានទទួល​ការស្នើសុំ​ពី​គណបក្សនយោបាយ​ទាំងពីរ លោកស្រី​បញ្ជាក់ថា លោក​បាន​ទទួលយក​ការស្នើ​នេះ ប៉ុន្តែ​លោក​បាន​សរសេរ​ឆ្លើយតប​ទៅ​គណបក្ស​ទាំងពីរ​វិញ ជាមួយ​លក្ខខណ្ឌ​មួយចំនួន។

លោកស្រី ពុង ឈី​វ​កេក បញ្ជាក់ថា៖«ខ្ញុំ​បាន​សរសេរ​ដាក់ថា លក្ខខណ្ឌ​ទី១ ទី២ ទី៣ អ៊ីចឹង​ទេ។ វា​ជាការ​រៀបរាប់​របស់ខ្ញុំ។ ខ្ញុំ​មិនទាន់​អាច​បញ្ជាក់បាន​នៅឡើយ។ ខ្ញុំ​ចាំមើល​គណបក្ស​ប្រជាជន​កម្ពុជា​ឆ្លើយ​សិន»។ ប៉ុន្តែ​បើ​យោងតាម លិខិត​របស់​លោកស្រី​ដែល​សរសេរ​ទៅកាន់ លោក សម រង្ស៊ី និង​លោក កឹម សុខា នោះ លោកស្រី ពុង ឈី​វ​កេក បានស្នើ​អោយ «សមាជិក គជប ទទួលបាន​ការការពា​រ​អភ័យឯកសិទ្ធិ ការធានា​ស្វ័យភាព​ក្នុង​ធ្វើ​សេចក្តីសម្រេចចិត្ត មាន​សិទ្ធិ​រើស​មន្ត្រី​ជំនាញ ផ្នែក​គ្រប់គ្រង ចាត់ចែង ការទទួលបាន​ថវិកា​ដោយ​ឯករាជ្យ និង​ជំនួយផ្សេងៗពី​ក្រៅប្រទេស»៕