យុវតី​​មួយ​ចំនួន​​សម្ងំ​​លក់​ខ្លួន​​លួច​លាក់​​តាម​​​ហ្វេសប៊ុក

7

ភ្នំពេញ៖ នៅក្នុង​សម័យកាល​ដ៏​ទំនើប​នេះ មនុស្ស​មួយចំនួន​ពេញនិយម​ប្រើ​គណនី​ហ្វេ​ស​ប៊ុ​ក ដើម្បី​ជា​មធ្យោបាយ ទំនាក់ ទំនង​ទៅកាន់​មិត្តភក្តិ និង​បង្ហោះ​រូបភាពផ្សេងៗបង្អួត​គ្នា​ទៅវិញទៅមក។ ប៉ុន្តែ រូបភាព​សិច​ស៊ី ស្រើបស្រាល​របស់​នារី​មួយ ចំនួន​មិនមែន​បង្ហោះ​ដើម្បី​បង្អួត​គ្នា​ធម្មតា​នោះទេ ពួកគេ​ទំនងជា​ស្ត្រី​វ័យក្មេង«លក់ខ្លួន» បែប​លួចលាក់។ នារី​វ័យក្មេង​ទាំងនោះ បាន​ប្រើ​គណនី​ហ្វេ​ស​ប៊ុ​ក​ជា​មធ្យោបាយ​ក្នុងការ​ទំនាក់ទំនង និង​ចរចា​ជាមួយ​អតិថិជន។

នៅក្នុង​សង្គម​ហ្វេ​ស​ប៊ុ​ក​បច្ចុប្បន្ននេះ គេ​សង្កេតឃើញ​មាន​រូបភាព សិច​ស៊ី របស់​យុវ​វ​តី​ជាច្រើន បាន​បង្ហោះ​ជា​សាធារណៈ ហាក់​មិន​សំចៃ​ពី​អាថ៌កំបាំង​របស់ខ្លួន​ឡើយ។ យុវតី​មួយចំនួន ចូល ចិត្ត​បង្ហោះ​រូបភាព​របស់ខ្លួន​ដើម្បី​កំសាន្ត​អារម្មណ៍ និង​បង្អួត​មិត្តភក្តិ។ ប៉ុន្តែ ក្នុង​រយៈពេល​ចុង ក្រោយនេះ គេ​សង្កេតឃើញ​មាន​រូបភាព​ស្រើបស្រាល​របស់​ស្ត្រី​វ័យក្មេង​មួយចំនួន​ ផ្សេងទៀត​កំពុង​រុញច្រាន​អោយបុរសៗមួយចំនួន​ឈ្លក់​វង្វេង។ ឈ្លក់​វង្វេង​ពី​ព្រោះតែ​ក្រុមនារីៗទាំងនោះ​គឺជា​នារី«លក់ខ្លួន​លួចលាក់» និង​សុទ្ធសឹង​ជា​នារី​វ័យក្មេង ដែល​ឈ្លាត​ឱកាស​រកប្រាក់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប។ ការលក់ខ្លួន​លួចលាក់​តាម​វិធីសាស្ត្រ​នេះ​អាចធ្វើអោយ​ស្ត្រី​ខ្លួនឯង និង​អតិថិជន​គេច​ផុតពី​ការរិះគន់។

អតិថិជន និង​ស្ត្រី«លក់ខ្លួន»អាច​ចរចា​ពី​តម្លៃ ហើយ​ណាត់គ្នា​ឡើង​សណ្ឋាគារ ឬ​ផ្ទះសំណាក់ ក្រោយ​ពេលដែល​គេ​ពេញ​ចិត្តនឹង​រូបភាព​ណាមួយ​ដែល​បានបង្ហាញ​នៅក្នុង​ហ្វេ​ស​ ប៊ុ​ក។ បុរស​ខ្លះ​អាច​ខកចិត្ត​ទៅវិញ​ផងដែរ​នៅពេល​ជួប​មុខ​ផ្ទាល់។ មុខ​នៅលើ​រូបថត និង​មុខ​នៅពេល​ជួប ពិត អាច​ខុសគ្នា។ សំឡេង​តាម​ទូរ​សព្ទ និង​មុខ​ផ្ទាល់​អាចធ្វើអោយ​បុរស ឬ​ស្ត្រី ខកចិត្ត។

ប្រសិនបើ​គេ​មើល​តាម​រូបថត​ធម្មតា​នៅក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក គេ​ពិតជា​មិនដឹង​នោះទេ​ថា​ពួក គេ​ជា«នារី​រកស៊ី»។ ប៉ុន្តែ អតិថិជន​មួយចំនួន​ដែល«ចូលចិត្ត​ស្ត្រី»អាច​ដឹងបាន​តាមរយៈ បុរសៗ មួយចំនួន​ដែល​ធ្លាប់​ទទួលបាន​សេវាកម្ម​ទាំងនោះ ឬ​តាមរយៈ​មេខ្យល់(ម៉ែ​យ៉ែម) ជា​អ្នក​ណែ នាំ។ ម្យ៉ាងវិញទៀត ក៏មាន​បុរស​មួយចំនួន បាន​ស្គាល់​ពួកនាង​ដោយ​ចៃដន្យ​ខ្លួនឯង តាមរយៈ​ការផ្ញើរ​សារ«ញ៉ែ​គ្នា»ទៅវិញទៅមក​ផងដែរ។

បុរស​វ័យ​ជាង៣០ឆ្នាំ​ម្នាក់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយត្រង់ៗថា លោក​បាន​ស្គាល់​នារី​ម្នាក់​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក។ ដំបូង​ឡើយ​ដោយសារតែ​ឃើញ​គណនី​របស់​នាង​តែងតែ​បង្ហោះ​រូបភាព​សិច​ស៊ី​ជា​ញឹក​ ញ៉ាប់ ជា​ហេតុដែល​ធ្វើអោយ​លោក​ចាប់អារម្មណ៍។ ក្រោយមក​លោក​បាន​ផ្ញើរ​សារ​ញ៉ែញ៉ង​ជាមួយ​នារី​ម្នាក់​នោះ​អស់​ជាច្រើន​ថ្ងៃ។

មិនយូរប៉ុន្មាន ជាង​មួយអាទិត្យ​ក្រោយមក បុរស​វ័យ​កណ្តាល​រូបនេះ បាន​ណាត់​នារី​ម្នាក់​នោះ​ញ៉ាំ​បាយ​បានសម្រេច។ ប៉ុន្តែ នារី​ម្នាក់​នោះ ក៏បាន​ព្រលយ​ប្រាប់​បុរស​ម្នាក់នេះ​ផងដែរ​ថា៖ «ពួកយើង​អាច​ញ៉ាំ​បាយ ឬ​ដើរលេង​ជាមួយគ្នា​បាន ប៉ុន្តែ​បើ​ចង់​គេង​ជាមួយ​ខ្ញុំ​ត្រូវតែ​ចំណាយ ប្រាក់»។ បុរស​រូបនេះ ក៏បាន​បង្ហើប​ប្រាក់​អោយដឹង​ផងដែរ​ថា៖«ខ្ញុំ​បាន​គេង​ជាមួយ​នាង​ម្តង ដោយ​ចំណាយ​អស់ប្រាក់​ចំនួន ៨០ដុល្លារ។ ហើយ​នាង​ក៏បាន​សារភាព​ប្រាប់​ខ្ញុំ​ផងដែរ ថា​នាង​លួចលាក់«លក់ខ្លួន»ម្តងម្កាល​នៅពេលណា​ដែល​នាង​ដាច់​លុយ​តែប៉ុណ្ណោះ មិនមែន​រកស៊ី​ជា​អាជីព​នោះទេ»។

ដោយឡែក យុវជន​មួយក្រុម​ទៀត​មាន​គ្នា​ប្រមាណ​ជា​ប្រាំ​នាក់ ខណៈពេល​កំពុង​អង្គុយ​នៅក្នុង​ហាង​ផឹកស៊ី​មួយកន្លែង នៅ​សង្កាត់​ទួល​ទំពូង២ ពួកគេ​បាន​ហុច​ទូរ​សព្ទ​បង្ហាញ​រូបភាពនារីៗ ស្រស់ស្អាត​នៅក្នុង​ហ្វេ​ស​ប៊ុ​ក អួត​ខ្សឹបប្រាប់​គ្នា​ទៅវិញទៅមក។ បន្តិចក្រោយមក យុវជន​ម្នាក់ បាន​បង្ហើប​ប្រាប់​មិត្តភក្តិ​របស់ខ្លួន​ថា៖«ខ្ញុំ​ស្គាល់​មេខ្យល់​ម្នាក់​ ដែល​អាច​រក​នារីស្អាតៗអោយ​ពួក យើង​បាន ដូច​រូប​ដែល​បាន​បង្ហោះ​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​នេះ»។

បន្តិចក្រោយមក យុវជន​ម្នាក់ទៀត​ពាក់​ខ្សែដៃធំៗដែល​មើលទៅ​ទំនងជា​កូន​អ្នក​សំបូរ​ទ្រព្យធន ក្នុងចំណោម​ពួកគេ​នោះ បាន​ដក​ទូ​សព្ទ​ទំនើប​របស់ខ្លួន​ពី​ហោប៉ៅ ប្រ​ញ៉ាប់​ផ្ញើរ​សារ​ទៅកាន់​មេខ្យល់(ម៉ែ​យ៉ែម)នោះ​ភ្លាម។ យុវជន​វ័យ​ជាង២៥ឆ្នាំ​រូបនេះ​សួរ​ទៅកាន់​មេខ្យល់​ថា៖«តើ​មាន​នារីស្អាតៗឬទេ? ខ្ញុំ​ត្រូវការ​នារី​ម្នាក់​កំដរ​ខ្ញុំ​យប់​នេះ…»។ ក្រោយមក​មេខ្យល់ បាន​ផ្ញើរ​រូបថត​នារី ៗស្រស់ស្អាត ពី​បួន ទៅ​ប្រាំ សន្លឹក និង​មានតម្លៃ​ខ្លួន​ផងដែរ មកកាន់​បុរស​រូបនេះ​ដើម្បី​ជ្រើស រើស។ ភ្នែក​សម្លឹង​រូបថត​នៅក្នុង​ទូរ​សព្ទ​បណ្តើរ ញញឹមតិចៗបណ្តើរ បន្តិចក្រោយមក យុវជន​រូបនេះ​បានសម្រេច​ចិត្ត​ជ្រើស​យក​នារី​ម្នាក់​ក្នុងតម្លៃ ១០០ដុល្លារ។

ក្រោយពេល​ត្រូវ​រូ​វ​គ្នា​ហើយ មេខ្យល់​បាន​ណាត់​ពី​ទីតាំង​សណ្ឋាគារ ឬ​ផ្ទះសំណាក់​ដែល​ត្រូវ ជួបគ្នា ហើយ​បន្ទាប់មក​មេខ្យល់​នឹង​ប្រាប់​អោយ​នារី​ដែល​គេ​ត្រូវចិត្ត​នោះ ទៅ​ជួប​តាម​ក្រោយ​តាម​ទីតាំង​ដែល​បាន​ណាត់​ទុក។

ទោះជា​យ៉ាងណាក៏ដោយ តម្លៃ​ខ្លួន ១០០ដុល្លារ​នេះ គឺ​សម្រាប់​គេង​តែម្តង​ប៉ុណ្ណោះ មិនមែន​ពេញ​មួយ​យប់​នោះទេ។ មេខ្យល់​ក៏បាន​បញ្ជាក់​ផងដែរ​ថា ពួកនាង​មិនអាច​គេង​ជាមួយ​ភ្ញៀវ​ពេញ​មួយ​យប់​បាន​នោះទេ ពីព្រោះ​ពួកនាង«រកស៊ី​លួចលាក់» ពិបាក​ចេញពីផ្ទះ​ពេលយប់ ហើយក៏​ពិបាក​ណាត់ជួប​ផងដែរ។ នារី​មេខ្យល់​បាន​អោយដឹងទៀតថា ប្រសិនបើ​អតិថិជន​ចង់​ជួប​ពួកនាង​នោះ ពួកគេ​ត្រូវ​ប្រាប់​យ៉ាងហោចណាស់​មួយ​ម៉ោង​មុន ហើយ​ពេលវេលា​ដែល ងាយ​នឹង​បាន​ជួប​ពួកនាង គឺ​ពេលព្រឹក និង​ពេល​ថ្ងៃ។

បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ក្នុងពេល​បច្ចុប្បន្ននេះ បាន​និង​ក៏​កំពុង​ក្លាយជា​មធ្យោបាយ​សម្រាប់«នារី​រកស៊ី​លួចលាក់»មួយចំនួន ពួន​សម្ងំ​ទំនាក់ទំនង​ជាមួយ​អតិថិជន​របស់ខ្លួន ហើយក៏​ជា មធ្យោបាយ​ដ៏​ទំនើប​មួយ​ដែល​ពួកគេ​អាច​គេច​ផុតពី​សំណាញ់​ច្បាប់​ផងដែរ។

សូមបញ្ជាក់ថា  រូបភាព​ស្រើបស្រាល​នៃ​នារី«រកស៊ី​លួចលាក់»ទាំងនោះ បាននិងកំពុង​ដុត​រោល​អារម្មណ៍​យុវវ័យ​មួយចំនួន​អោយ​ភ្លើតភ្លើន ស្ទើ​តែ​ភ្លេច​អស់​សីលធម៌ ហើយក៏​កំពុងជះ ឥទ្ធិពល​អវិជ្ជមាន​ដល់​សង្គម​ផងដែរ៕