ប្រធានាធិបតី​​ឥណ្ឌូនេស៊ី​​ថ្មី​ កំពុង​​ប្រឈម​​នឹង​​បញ្ហា​​កំណែ​ទម្រង់​​ស៊ី​ជម្រៅ​​ក្នុង​ប្រទេស

ក្រោយពី​ បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ថ្មី​នៃ​រដ្ឋ​ប្រជាធិបតេយ្យ​ដ៏​ធំ​ទី​បី​នៃ​ សកលលោក លោក JokoWidodo កំពុង​ប្រឈមមុខ​នឹង​បញ្ហា​ជាច្រើន​ជាពិសេស​គឺ​ការធ្វើកំណែទម្រង់​មួយ​ ស៊ីជម្រៅ​នៅក្នុង ប្រព័ន្ធគ្រប់គ្រង​ប្រទេស​ឥណ្ឌូនេស៊ី។ ការ​បោសសម្អាត​អំពើពុករលួយ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី អាច​នឹង​ក្លាយជា​គោលដៅ​ដំបូងបង្អស់ ដែល​ប្រធានាធិបតី​ថ្មី​រូបនេះ​ត្រូវ​ចាប់ផ្តើម​ក្រោយ​ឡើងកាន់តំណែង។

ប្រទេស​ឥណ្ឌូនេស៊ី​ត្រូវបាន​គេ​ចាត់ទុកជា​រដ្ឋ​ប្រជាធិបតេយ្យ​ទី៣ និង​ជា​រដ្ឋ​ដែលមាន​ប្រជាជន​ច្រើនជាង គេ​ទី៤លើ​សកលលោក តែ​យ៉ាងណា ប្រទេស​នេះ​កំពុង​ត្រូវការ​កំណែទម្រង់​មួយ​ស៊ីជម្រៅ​ដើម្បី​ជម្រុញ អោយ​ដំណើរការ​ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កាន់តែ​ល្អប្រសើរ​ឡើង។

ក្រោយពី​ត្រូវបាន​ប្រកាសថា​បានឈ្នះ​ឆ្នោត​ជា​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ថ្មី លោក JokoWidodo ត្រូវបាន គេ​មើលឃើញថា លោក​កំពុង​ប្រឈម​ជាមួយ​បញ្ហា​ជាច្រើន​ដែល​ត្រូវដោះ ស្រាយ តួរ​យ៉ាង​ដូចជា​ការធ្វើ កំណែទម្រង់​ស្ថាប័ន​ដឹកនាំ និង​ការ​បោ​សម្អាត​អំពើពុករលួយ​ដែលមាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅក្នុង ប្រទេស​ផងដែរ។ តាមពិត អំពើពុករលួយ និង​បញ្ហា​កើតមាន​ក្នុង​ស្ថាប័ន​ដឹកនាំ​ឥណ្ឌូនេស៊ី សុទ្ធសឹង តែ​ជា​មរតក​បន្សល់ទុក​តាំងពី​របប​ដឹកនាំ​របស់​មេដឹកនាំ​ផ្តាច់ការ ស៊ូ​ហា​តូ ដួលរលំ​ឆ្នាំ១៩៩៨ មក​ម្លេះ។

លោក Widodo គឺជា​មេដឹកនាំ​ឥណ្ឌូនេស៊ី​ដំបូងបង្អស់​ដែល​ឡើងកាន់តំណែង ដោយ​មិនមាន​សែ ស្រ​ឡាយ​ក្នុង​វណ្ណៈ​ដឹកនាំ​អភិជន ឬ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​របប​ដឹកនាំ​ចាស់​ឡើយ ប៉ុន្តែ​លោក​ជា​អ្នក នយោបាយ​ម្នាក់​ដែល​ឡើងកាន់តំណែង​ជា​មេដឹកនាំ​កំពូល​ឥណ្ឌូនេស៊ី​តាមរយៈ​ ការខិតខំ​ប្រឹងប្រែង និង​សមត្ថភាព​ផ្ទាល់ខ្លួន​ក្នុងការ​បង្កើត​គោលនយោបាយ​ដ៏​ល្អ​សម្រាប់​ដឹកនាំ ​រដ្ឋ។

ទោះជា​យ៉ាងណាក៏ដោយ ក្រោយពេល​ជាប់​ជា​ប្រធានាធិបតី​ថ្មី​នៃ​ប្រទេស​ឥណ្ឌូនេស៊ី លោក Widodo ត្រូវ​ប្រឈមមុខ​ជាមួយ​បញ្ហា​យ៉ាងច្រើន​សម្បើម ជាពិសេស​បញ្ហាសេវាសា ធារណៈ  ដែល​កំពុង​ញាំញី ដោយ​អំពើពុករលួយ​ដែលមាន​លក្ខណៈ​ជា​ប្រព័ន្ធ និង​បញ្ហា​ការិយាធិបតេយ្យ​តែម្តង។ ប្រជាជន​ឥណ្ឌូ ស្ទើរតែ​ពាក់កណ្តាល​ប្រទេស កំពុង​រស់នៅក្នុង​ភាពក្រីក្រ ហើយ​បញ្ហា​សេដ្ឋកិច្ច​ឯនោះ វិញ​កំពុងស្ថិត នៅក្នុង​ភាពទន់ខ្សោយ និង​ផុយស្រួយ​នៅឡើយ។

លោក Widodoបាន​សន្យាថា លោក នឹង​ចាប់ផ្តើម​កាត់បន្ថយ​បន្តិចម្តងៗនូវ​គម្រោង​ផ្តល់ជំនួយ​ឧបត្ថម្ភ របស់​រដ្ឋាភិបាល​ទៅកាន់​ប្រជាជន​លើ​បញ្ហា​ថាមពល​នៅក្នុង​ប្រទេស​ផងដែរ បើ​ទោ​បី​ថវិកា​ឧបត្ថម្ភ​នេះ ស្មើ​និង ២០ភាគរយ​នៃ​ថវិកាជាតិ​ក៏ដោយ។ តែ​យ៉ាងណា​មានការ​ប្រឆាំង​រួចរាល់​ទៅហើយ ព្រោះ គម្រោង​ឧបត្ថម្ភ​ថវិកា​នេះ ជា​បញ្ហា​រសើប​ផ្នែក​នយោបាយ ដែលមាន​មនុស្ស​ជាច្រើន​ធ្លាប់​ទទួលបាន ប្រយោជន៍​ពី​គម្រោង​នេះ ។

គេ​មិនដឹងថា ប្រធានាធិបតី​ថ្មី​ខាងលើ​នឹង​អាចអនុវត្ត​គោលនយោបាយ​កំណែទម្រង់​របស់លោក​បាន ឬ​យ៉ាងណា​ណោះ​ឡើយ ព្រោះ​អាសនៈ​ភាគច្រើន​នៅក្នុង​សភា ត្រូវបាន​កាន់កាប់​ដោយ​គណបក្ស របស់​ដៃគូ​ប្រជែង​រប​ស់លោក គឺ​លោក Prabowo។ ដូច្នេះហើយ​ទើប​នៅក្នុង​សភា​ឥណ្ឌូនេស៊ី មានការ ប្រឈមមុខ​ដាក់គ្នា​ខ្លាំង។

ក្រៅពី​បញ្ហា​ប្រឈម​ក្នុងការ​ធ្វើកំណែទម្រង់​លើ​ថវិកា​ឧបត្ថម្ភ ក្នុង​វិស័យ​ថាមពល ក៏ដូចជា​លុបបំបាត់ បញ្ហា​ពុករលួយ ប្រធានាធិបតី​ថ្មី Widodo ក៏ត្រូវ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​កើតមាន​ក្នុង​វិស័យ សុខា ភិ​បាល និង​វិស័យ​អប់រំ​ផងដែរ។ អតីត​ចៅហ្វាយក្រុង ហ្សា​កាតា​រូបនេះ ប្រហែលជា​យក​កម្មវិធី​គោល នយោបាយ​សុខាភិបាល និង​អប់រំ​ដែល​លោក​អនុវត្តបាន​ជោគជ័យ​នៅក្នុង​ក្រុង​ហ្សា​កាតា ទៅ​អនុវត្ត នៅ​ថ្នាក់ជាតិ​ផងដែរ។

គួរ​បញ្ជាក់ថា ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក SusiloBambangYudhoyono (ស៊ូ​ស៊ីឡូ​បាំ​បាំង យុ​ត​ហូ​យូ​ណូ)ក៏​ធ្លាប់​សន្យាថា​លោក​នឹង​បោសសម្អាត​បញ្ហា​ពុករលួយ​អោយអស់​ ក្នុង​អាណត្តិ​របស់លោក​ជា​ប្រធានាធិបតី​ផងដែរ  តែ​យ៉ាងណា​បញ្ហា​មួយ​នេះ​នៅតែ​ជា​បញ្ហា​គួរអោយ​ព្រួយបារម្ភ​នៅក្នុង​សង្គម ឥណ្ឌូនេស៊ី​នៅឡើយ។ គេ​សង្ឃឹមថា ប្រធានាធិបតី​ថ្មី​ដែល​ចេញ​មកពី​ត្រកូល​គ្រួសារ​ក្រីក្រ មកពី គណបក្សប្រឆាំង​រូបនេះ នឹង​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​មួយ​នេះ​បាន​ជោគជ័យ​នៅពេល​លោក ឡើងកាន់តំណែង​ក្នុងពេលឆាប់ៗខាងមុខនេះ៕

ប្រែ​សម្រួល​ដោយ សៅ ផល​និស្ស័យ