បទ​​ឈប់​​បាញ់​​គ្មាន​​ប្រសិទ្ធភាព​​ដើម្បី​​បញ្ចប់​​ការ​បង្ហូរ​​ឈាម​​នៅ​​តំបន់​​កា​ហ្សា

ក្រុម​ហា ​ម៉ាស បរាជ័យ​ក្នុងការ​ទទួលយក​បទ​ឈប់​បាញ់​រយៈពេល ២៤ម៉ោង ដែល​ខ្លួន​បាន​ស្នើសុំ​ទៅកាន់​ភាគី​អ៊ីស្រាអែល​ក្រោយ​បទ​ឈប់​បាញ់​រយៈពេល ១២ម៉ោង​ត្រូវបាន​រំលាយចោល កាលពី​ល្ងាចម្សិលមិញ​នេះ។ ការប្រយុទ្ធ​គ្នា​បានចាប់ផ្តើម​សារជាថ្មី​ឡើងវិញ ហើយ​អ៊ីស្រាអែល​បាន​រិះគន់ខ្លាំងៗ ទៅលើ​ក្រុម​ហា​ម៉ាស​ដែល​មិនអាច​គោរព​កិច្ចព្រមព្រៀង​ផ្អាក​ការប្រយុទ្ធ ដែល​ត្រូវបាន​ស្នើសុំ​ដោយ​ក្រុម​ហា​ម៉ាស​ខ្លួនឯង និង​អង្គការសហប្រជាជាតិ។ ដោយឡែក ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បាន​បើក​កិច្ចប្រជុំ​មួយ​កាលពី​ យប់ម្សិល​មិញ​នេះ ដោយ​ស្នើ​សុំអោយ​ភាគី​ទាំង​ទទួលយក​បទ​ឈប់​បាញ់​លក្ខណៈ​មនុស្សធម៌​ដែល​គ្មាន​ លក្ខខណ្ឌ​មួយ។ ការស្នើសុំ​នេះ​ធ្វើឡើង ក្រោយ​ពេលដែល​ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​ភាគី​ទាំងពីរ​ឈានដល់​ថ្ងៃទី ២០ ហើយ​មនុស្ស​ស្លាប់​កើនឡើង​រហូតដល់​ជាង ១ពាន់​នាក់​ទៅហើយនោះ។

១.សំនួរ៖ ក្រោយពេល​បទ​ឈប់​បាញ់​រវាង​អ៊ីស្រាអែល និង​ក្រុម​ហា​ម៉ាស​រយៈពេល ១២ម៉ោង ត្រូវបាន​រំលាយចោល​និស្ស័យ មេដឹកនាំ​ក្រុម​ហា​ម៉ាស បាន​ស្នើសុំ​បង្កើត​បទ​ឈប់​បាញ់ លក្ខណៈ​មនុស្សធម៌​មួយទៀត​ទៅកាន់​រដ្ឋាភិបាល​អ៊ីស្រាអែល ដែល​បទ​ឈប់​បាញ់​នោះ​មាន រយៈពេល២៤ម៉ោង។ ខ្ញុំ​ចង់ដឹងថា តើ​បទ​ឈប់​បាញ់​ថ្មី​នេះ​វា​យ៉ាងណាដែរ​ទៅហើយ?

១.ចម្លើយ៖ បទ​ឈប់​បាញ់​ថ្មី​ដែលមាន​រយៈពេល ២៤ម៉ោង បរាជ័យ​ជាថ្មី​ទៀតហើយ។ តាមពិតទៅ​បទ​ឈប់​បាញ់​លក្ខណៈ​មនុស្សធម៌​រយៈពេល ២៤ម៉ោង ត្រូវបាន​ស្នើឡើង​ដោយ​ភាគី​ក្រុម​ហា​ម៉ាស និង​មានការ​អំពាវនាវ​ពី​អង្គការសហប្រជាជាតិ តែ​ភាគី​អ៊ីស្រាអែល បដិសេធ​ទទួលយក​បទ​ឈប់​បាញ់​នេះ។ មេដឹកនាំ​របប​ក្រុង Tel Aviv បានអោយដឹងថា មូលហេតុ​ដែល​ខ្លួន​មិន​ទទួលយក​បទ​ឈប់​បាញ់​ក៏​ដោយសារតែ​ក្រុម​ហា​ម៉ាស​ដែលជា ​អ្នកស្នើ​បង្កើត​បទ​ឈប់​បាញ់ មិនអាច​គោរព​បទ​ឈប់​បាញ់​ខ្លួនឯងបាន ដោយ​ពួកគេ​បន្ត​បាញ់​ផ្លោងចូល​ទឹកដី​អ៊ីស្រាអែល​ឥត​ឈប់។ ដូច្នេះហើយ ទើបបានជា​បន្ទាប់មក អ៊ីស្រាអែល​ក៏​សម្រេច​បញ្ឈប់​ការទទួលយក​បទ​ឈប់​បាញ់​នេះ។ នេះ​បញ្ជាក់ថា បទ​ឈប់​បាញ់​ត្រូវបាន​គេ​ស្នើឡើង តែ​សំខាន់​សញ្ញា​នៃ​ការទទួលយក​បទ​ឈប់​បាញ់​មិនមាន​ទាល់តែ​សោះឡើយ ដូច្នេះហើយ​ទើប​ការប្រយុទ្ធ​នៅតែ​បន្ត​មកទល់ពេលនេះ។ ប្រមុខ​រដ្ឋាភិបាល​អ៊ីស្រាអែល​លោក Benjamin Netanyahu បាន​បញ្ជាក់ថា​ទោះបីជា​អ៊ីស្រាអែល​ទទួលយក​បទ​ឈប់​បាញ់ តែ​ក្រុម​ហា​ម៉ាស​នៅ​មិន​ព្រម​ទទួលយក​បទ​ឈប់​បាញ់​ដែល​ស្នើឡើង​ដោយ​ខ្លួនគេ​ ឡើយ។ ដូច្នេះហើយ អ៊ីស្រាអែល​នឹងធ្វើ​សកម្មភាព​គ្រប់បែបយ៉ាង ដើម្បី​ការពារ​ជន​ស៊ីវិល​អ៊ីស្រាអែល​ផងដែរ។

២.សំនួរ៖ បើតាម​ខ្ញុំ​ដឹង​និស្ស័យ បទ​ឈប់​បាញ់​នេះ​គឺជា​បទ​ឈប់​បាញ់​លើក​ទី៤ហើយ​ដែល ត្រូវបាន​ដាក់ចេញ​សម្រាប់​ភាគី​ទាំងពីរ។ ខ្ញុំ​នៅតែ​ឆ្ងល់​ថា ហេតុអ្វី​បានជា​កិច្ចព្រមព្រៀង​ចុង ក្រោយនេះ​នៅតែ​បរាជ័យ​ទៀត?

២.ចម្លើយ៖ ការបរាជ័យ​ក្នុងការ​អនុវត្ត​កិច្ចព្រមព្រៀង​បញ្ចប់​ ការប្រយុទ្ធ​គឺ​ដោយសារតែ​បញ្ហា​មួយចំនួន​ដែលមាន​ចែង​ក្នុង​បទ​ឈប់​បាញ់​នោះ​ តែម្តង។ ដូច​បទ​ឈប់​បាញ់​ថ្មី​នេះ មុនដំបូង​ឡើយ​ក្រុម​ហា​ម៉ាស​ស្នើ​បង្កើត​បទ​ឈប់​បាញ់់ តែ​ក្រោយមក​ក្រុម​នេះ​ក៏​បំពាន​លើ​បទ​ឈប់​បាញ់ ដោយ​បន្ត​បាញ់​ផ្លោង​ចូលក្នុង​ទឹកដី​អ៊ីស្រាអែល​ទៀត។ ក្រុម​ហា​ម៉ាស​សម្រេច​ធ្វើ​ដូច្នេះ ដោយសារ​ភាគី​នេះ​យល់ថា​បទ​ឈប់​បាញ់​មិនមាន​បញ្ចូល​ប្រការ​ដែល​បញ្ជាក់​ពី​ ការដក​កងទ័ព​អ៊ីស្រាអែល​ចេញ​អោយ​អស់ពី​តំបន់​កា​ហ្សា និង​ការអនុញ្ញាតអោយ​ប្រជាជន​នៅ​តំបន់​កា​ហ្សា​ត្រលប់មក​លំនៅដ្ឋាន​រប​ស់​គេ​ វិញ។ អ្នកនាំពាក្យ​ក្រុម​ហា​ម៉ាស​Sami Abu Zuhri, បានអោយដឹងថា រាល់​បទ​ឈប់​បាញ់​ទាំងឡាយណា​ដែល​មិនមាន​បញ្ចូល​ប្រការ​ដែល​បញ្ជាក់​ពី​ការដក ​កងទ័ព​អ៊ីស្រាអែល​ចេញពី​តំបន់​កា​ហ្សា ចំនុច​ដែល​អនុញ្ញាតអោយ​ប្រជាជន​នៅ​កា​ហ្សា​ត្រលប់​ទៅ​លំនៅដ្ឋាន ក៏ដូចជា​អនុញ្ញាតអោយ​មានការ​ជម្លៀស​ប្រជាជន​របួស​ចេញពី​តំបន់​ជម្លោះ គឺ​ពិតជា​មិនអាច​ទទួលយក​បានឡើយ។ខ្ញុំ​ចង់​បញ្ជាក់ថា នេះ​មិនមែនជា​បទ​ឈប់​បាញ់​ទីមួយ​ឡើយ តែ​វា​ជា​បទ​ឈប់​បាញ់​ទី៤ហើយ​ចាប់តាំងពី​ជម្លោះ​ផ្ទុះឡើង។

៣.សំនួរ៖ បើសិនជា​ភាគី​ទាំងពីរ​បរាជ័យ​ក្នុងការ​ទទួលយក​បទ​ឈប់​បាញ់​ ថ្មី​ដូច្នេះ ការប្រយុទ្ធ​នឹង​បន្ត​កើតឡើង​ទៀត តើ​រហូតមក​ដ​លើ​ពេល​នឹង ចំនួន​អ្នកស្លាប់ និង​របួស​កើន ឡើងដល់​ប៉ុន្មាន​នាក់​ហើយ?

៣.ចម្លើយ៖ ចំនួន​អ្នកស្លាប់​ដោយ​ការប្រយុទ្ធ​គ្នា ក្នុង​រយៈពេល ២០នេះ បាន​កើនឡើង​រហូតដល់​ជាង ១ពាន់​នាក់​ហើយ និង​ចំនួន​អ្នករបួស​មាន​ចំនួន​ជាច្រើន​ពាន់​នាក់។ចំពោះ​ជនរងគ្រោះ​ដែល​បាន​ បាត់បង់​ជីវិត ជា​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​នៅ​តំបន់​កា​ហ្សា​មាន​រហូតដល់ ជាង១០៥០នាក់ ហើយ​ក្នុងចំណោម​ចំនួន​មនុស្ស​ស្លាប់​ទាំង​ជាង ១ពាន់​នាក់​នេះ ភាគច្រើន​ជា​ជន​ស៊ីវិល ដែលមាន​ស្ត្រី​និង​កុមារ​ផងដែរ។ ដោយឡែក ខាង​ភាគី​អ៊ីស្រាអែល​បាន​អះអាងថា ក្នុងការ​ប្រយុទ្ធ​នេះដែរ ប្រជាជន​ស៊ីវិល​របស់គេ​ចំនួន បីនាក់​បាន​ស្លាប់បាត់​បង់ជីវិត និង​ទាហាន​ចំនួន ៤៣នាក់​ផ្សេងទៀត​ក៏​ស្លាប់​ដូចគ្នា​ដែរ។ បើ​ផ្អែក​តាម​ទិន្នន័យ​នៃ​ចំនួន​អ្នកស្លាប់​នេះ ការប្រយុទ្ធ​គ្នា​នេះ​វា​ឈានដល់​ចំនុច​មួយ​គួរអោយ​ព្រួយបារម្ភ​ខ្លាំង ហើយ​ការអន្តរាគមន៍​របស់​ស្ថាប័ន ឬ​សហគមន៍​អន្តរជាតិ​ត្រូវតែ​កើតមាន​ដើម្បី​បញ្ឈប់​ការសម្លាប់​រង្គាល​នេះ។

៤.សំនួរ៖  ជា​សំណួរ​ចុងក្រោយ អ្នកស្លាប់​ដោយសារ​ការប្រយុទ្ធ​គ្នា​នឹង​បាន​កើនឡើង​ដល់​ជាង ១ពាន់​នាក់​ហើយ បើតាម​ការអះអាង​រប​ស់​និស្ស័យ ដោយឡែក​សហគមន៍​អន្តរជាតិ​វិញ​តើ​មាន​វិធានការ​អ្វីខ្លះ​ដែរ ទេ ដើម្បី​ជម្រុញ​អោយ​ភាគី​ទាំងពីរ​បញ្ឈប់​ការប្រយុទ្ធ?

៤.ចម្លើយ៖ កាលពី​យប់ម្សិល​មិញ​នេះ​ខាង​ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បានរៀបចំ​កិច្ចប្រជុំ​បន្ទាន់​មួយ ដោយ​សម្រេច​ឯកភាពគ្នា​លើ​ការស្នើ​សុំអោយ​ភាគី​ជម្លោះ​ទាំងពីរ​ទទួលយក​បទ​ឈប់ ​បាញ់​លក្ខណៈ​មនុស្សធម៌​មួយ អោយបាន​ឆាប់រហ័ស និង​គ្មាន​លក្ខខណ្ឌ​ទាំងអស់។ ប្រធាន​ក្រុមប្រឹក្សា​ដែល​តំណាង​ដោយ ប្រទេសរ​វ៉ាន់ដា  បាន​សេចក្តី​ថ្លែង​កាណ៍រ​ក្នុងនាម​ជា​ប្រធាន​ក្រុមប្រឹក្សា ដោយ​ស្នើ​សុំអោយ​ភាគី​ទាំងពីរ​ដែល​កំពុង​ប្រយុទ្ធ​គ្នា​នៅក្នុង​តំបន់​កា​ ហ្សា ទទួលយក​ឈប់​បាញ់​មួយ​លក្ខណៈ​មនុស្សធម៌ ហើយ​ត្រូវគោរព​បទ​បាញ់​អោយបាន​ត្រឹមត្រូវ​គ្រប់​ជ្រុងជ្រោយ។ តាមពិតទៅ​បទ​ឈប់​បាញ់​លក្ខណៈ​មនុស្សធម៌​នេះ ប្រសិន​វា​ត្រូវបាន​គោរព​ដោយ​ភាគី​ទាំងពីរ វា​អាច​អនុញ្ញាតអោយ​អង្គការ​ទទួលបន្ទុក​ម​នុស្ស​ធម៌​អាច​ចែកចាយ​ជំនួយ​ មនុស្សធម៌ ដល់​ប្រជាជន​ស៊ីវិល​ដែល​កំពុង​ស្ថិតក្នុង​តំបន់​ជម្លោះ​បាន ហើយ​ម្យ៉ាងទៀត​បទ​ឈប់​បាញ់​នេះ​អាច​អនុញ្ញាតអោយ​ប្រជាជន​មូស្លីម​អាច​ ប្រារព្ធ​ពី​បុណ្យ​សាសនា​បញ្ចប់​បុណ្យ​រា​ម៉ា​ឌន​បាន​ផងដែរ។ តែ​យ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍​រប​ស់​ប្រធាន​ក្រុមប្រឹក្សា​នេះ គឺ​ត្រូវបាន​ព្រាង​ឡើង​ដោយ​ប្រទេស​ហ្ស​ក​ដង់ ហើយ​វា​ចាំបាច់​ត្រូវមាន​ការសម្រេច​ដោ​យស​មា​ជិ​ក​ក្រុមប្រឹក្សាសន្តិសុខ​ ទាំងអស់។សេចក្តីថ្លែងការណ៍​រប​ស់​ប្រធាន​ក្រុមប្រឹក្សា​នេះ ភាគច្រើន​ត្រូវបាន​បង្កើត​ដោយសារ ក្រុមប្រឹក្សា​មិនអាច​រក​សម្លេង​ជា​ឯក​ច្ឆ័​ន ឬ​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សា​ត្រូវបាន​រារាំង​ដោយ​ការប្រើប្រាស់​សិទ្ធិ ​ជំទាស់(វេតូ) របស់​សមាជិក​អចិន្ត្រៃយ៍​ណាមួយ តែ​បញ្ហា​នៅត្រង់ថា​សេចក្តីថ្លែងការណ៍​នេះ​មិនមាន​អនុភាព​ចាប់បង្ខំ​ឡើយ។  មកទល់ពេលនេះ​គេ​កំពុង​រង់ចាំ​មើលថា ភាគី​នៃ​ជម្លោះ​ជាពិសេស​ក្រុម​ហា​ម៉ាស ព្រម​ទទួលយក​បទ​អន្តរាគមន៍​របស់​អង្គការសហប្រជាជាតិ​ឬ​យ៉ាងណា​ឡើយ៕